ចំណតផែ

ចំណតផែ និងផែរណបរបស់ ក.ស.ភ.

ក.ស.ភ. មានចំណតផែ និងផែរណបចំនួន ៧ នៅក្នុងតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មនៃប្រទេសកម្ពុជា។ ក.ស.ភ. ក៏មានគម្រោងបង្កើត និងអភិវឌ្ឍន៍ចំណតផែរណបបន្ថែមនៅតាមដងទន្លេ ដែលមានសក្តានុពលក្នុងប្រទេសកម្ពុជាផងដែរ។

ស្ថិតនៅក្នុងខេត្តកណ្តាល

ស្ថិតនៅតាមដងទន្លេមេគង្គក្រោម ក្នុងភូមិសាស្រ្តភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ចំណតផែកុងតឺន័រ LM១៧ ដើរតួនាទីជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងបណ្តាញពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា។ ទីតាំងយុទ្ធសាស្ត្រនេះ ជាកន្លែងការបង្រួបបង្រួមទំនិញ និងការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពទៅ និងមកពីប្រទេសវៀតណាម។ អតិថិជនអាចចូលទៅកាន់ ចំណតផែកុងតឺន័រ LM១៧ តាមរយៈជម្រើសផ្សេងៗគ្នា រួមមានផ្លូវជាតិលេខ១ ផ្លូវក្រវ៉ាត់ក្រុងទី២ និងទី៣ ពីតំបន់ឧស្សាហកម្មក្នុងរាជធានីភ្នំពេញ។ ចំណតផែកុងតឺន័រ LM១៧ ផ្តល់នូវតម្លៃប្រកួតប្រជែង និងសមរម្យ បើប្រៀបធៀបទៅនឹងកំពង់ផែក្នុងស្រុក និងតំបន់។

ស្ថិតនៅរាជធានីភ្នំពេញ

ចំណតផែពហុបំណង TS៣ ជាទីស្នាក់ការកណ្តាលប្រវត្តិសាស្ត្ររបស់កំពង់ផែស្វយ័តភ្នំពេញ ដែលជាទីតាំងយុទ្ធសាស្រ្តតាមបណ្តោយទន្លេសាប លើតិរវិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណតផែពហុបំណងដ៏ល្បីល្បាញនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រដែនទន្លេរបស់ប្រទេសកម្ពុជា ដែលបម្រើជាមជ្ឈមណ្ឌលសម្រាប់ដឹកទំនិញកុងតឺន័រនាពេលកន្លងមក ហើយបច្ចុប្បន្ន ក.ស.ភ. បានប្រែក្លាយជាចំណតផែបម្រើដល់វិស័យទេសចរណ៍ប្រកបដោយសក្តានុពលខ្ពស់។

ស្ថិតនៅរាជធានីភ្នំពេញ

ចំណតផែអ្នកដំណើរ និងទេសចរ TS១ ស្ថិតនៅលើតិរវិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើរតួនាទីយ៉ាងសំខាន់សម្រាប់អ្នកទេសចរគយគន់នឹងទេសភាពមាត់ទន្លេដ៏រស់រវើករបស់ទីក្រុង។ ចំណតនេះ ជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចង់ធ្វើដំណើរកម្សាន្តតាមដងទន្លេសាប។

ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ

ស្ថិតនៅតាមដងទន្លេមេគង្គលើក្នុងភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃុំ ខេត្តត្បូងឃ្មុំ ចំណតផែរណបពហុបំណង UM២ ស្ថិតនៅក្នុងតំបន់យុទ្ធសាស្ត្រជាប់ខេត្តកំពង់ចាម និងត្បូងឃ្មុំ ដែលតភ្ជាប់ខេត្តភាគខាងជើង និងឦសាននៃប្រទេសកម្ពុជា។ ទីតាំងយុទ្ធសាស្ត្រនេះ អនុញ្ញាតឱ្យការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងការបង្រួបបង្រួមផលិតផលកសិកម្ម និងកសិឧស្សាហកម្មពីតំបន់ទាំងនេះទៅកាន់តំបន់ភាគខាងត្បូងនៃប្រទេសកម្ពុជា និងនាំចេញទៅប្រទេសវៀតណាម។ អតិថិជន អាចនាំចូល/នាំចេញទំនិញរបស់ពួកគេដោយផ្ទាល់ទៅកាន់ LM១៧ ឬកំពង់ផែនៅប្រទេសវៀតណាម។ អតិថិជនអាចមកដល់ចំណតផែរណបពហុបំណង UM២ តាមរយៈផ្លូវជាតិលេខ ៧។ ចំណតផែរណបពហុបំណង UM២ ផ្តល់នូវតម្លៃប្រកួតប្រជែង និងសមរម្យ បើប្រៀបធៀបទៅនឹងកំពង់ផែក្នុងស្រុក និងតំបន់។ ចំណតផែរណបពហុបំណង UM២ ត្រូវបានអភិវឌ្ឍក្រោមកិច្ចសហការវិនិយោគរួមគ្នា រវាង ក.ស.ភ.​ និងក្រុមហ៊ុន PTLS Cooperation Co., Ltd. ដែលជាក្រុមហ៊ុនប្រកបដោយសក្តានុពលខ្ពស់។

ស្ថិតនៅរាជធានីភ្នំពេញ

ចំណតផែពហុបំណង TS១១ មានទីតាំងនៅតាមដងទន្លេសាបស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលជាទីតាំងយុទ្ធសាស្ត្រដើម្បីគាំទ្រដល់កំណើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងការដឹកជញ្ជូនទំនិញចូលក្នុងទីក្រុង។ ចំណតផែពហុបំណង TS១១ នៅជិតកណ្តាលទីក្រុង និងតំបន់ឧស្សាហកម្មធ្វើឱ្យវាជាទីតាំងដ៏ល្អសម្រាប់ការចែកចាយសម្ភារសំណង់ និងការនាំចេញសម្លៀកបំពាក់។ ចំណតផែពហុបំណង TS១១ នេះ ក៏ផ្តល់កញ្ចប់សេវាកម្មដល់អតិថិជនដោយផ្អែកលើតម្រូវការរបស់ពួកគេផងដែរ។ អតិថិជនអាចមកដល់ចំណតផែពហុបំណង TS១១ តាមរយៈផ្លូវជាតិលេខ៥។ ចំណតផែពហុបំណង TS១១ ផ្តល់នូវតម្លៃប្រកួតប្រជែង និងសមរម្យ បើប្រៀបធៀបទៅនឹងកំពង់ផែក្នុងស្រុក និងតំបន់។ ចំណតផែរណបពហុបំណង TS១១ ត្រូវបានអភិវឌ្ឍក្រោមកិច្ចសហការវិនិយោគរួមគ្នា រវាង ក.ស.ភ.​ និងក្រុមហ៊ុន PTLS Cooperation Co., Ltd. ដែលជាក្រុមហ៊ុនប្រកបដោយសក្តានុពលខ្ពស់។

ស្ថិតនៅក្នុងខេត្តព្រៃវែង

ស្ថិតនៅតាមដងទន្លេមេគង្គក្រោម ក្នុងភូមិសាស្រ្តភូមិកោះរការ ឃុំកោះរកា ស្រុកពាមជរ​ ខេត្តព្រៃវែង ចំណតផែរណបពហុបំណង LM២៦ មានទីតាំងក្នុងតំបន់យុទ្ធសាស្ត្រនៅជិតព្រំដែនកម្ពុជា-វៀតណាម។ ទីតាំងនេះធ្វើឱ្យចំណតផែរណបពហុបំណង LM២៦ ក្លាយជាមជ្ឈមណ្ឌលដ៏ល្អសម្រាប់ការនាំចេញទំនិញកសិផល និងកសិឧស្សាហកម្ម ដូចជាស្រូវ និងដំឡូងមី ទៅទីផ្សារប្រទេសជិតខាង។ បន្ថែមពីលើនេះ ចំណតផែរណបពហុបំណង LM២៦ នេះ ជាចំណុចនាំចូលដ៏សំខាន់សម្រាប់ធ្យូងថ្ម ដែលមានសារៈសំខាន់សម្រាប់តំបន់សេដ្ឋកិច្ចពិសេសក្បែរៗនោះ។

ស្ថិតនៅក្នុងខេត្តកណ្តាល (ក្នុងគម្រោងអភិវឌ្ឍន៍របស់ ក.ស.ភ.)

ចំណតផែរណបពហុបំណង UM១ គឺចំណតផែដែលស្ថិតនៅក្រោមផែនការអភិវឌ្ឍរបស់ ក.ស.ភ. មានទីតាំងនៅតាមដងទន្លេមេគង្គលើក្នុងភូមិសាស្រ្តក្នុងភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ចំណតផែនេះ នឹងក្លាយជាទីតាំងជាយុទ្ធសាស្ត្រដើម្បីបម្រើឱ្យវិស័យឧស្សាហ៍កម្មចម្រុះ។ ជុំវិញដោយរោងចក្រ និងតំបន់អចលនទ្រព្យដ៏សម្បូរបែប ចំណតផែនេះ ត្រូវបានរៀបចំយ៉ាងល្អសម្រាប់ផ្គត់ផ្គង់សម្ភារសំណង់ និងកាត់ដេរ។ ទីតាំងយុទ្ធសាស្ត្រនេះ នឹងផ្តល់លទ្ធភាពឱ្យមានប្រតិបត្តិការលើកដាក់ និងដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពសម្រាប់អាជីវកម្មក្នុងតំបន់។ អតិថិជន​អាចមក​ទៅ​ចំណតផែរណបពហុបំណង UM១ តាម​ផ្លូវជាតិ​លេខ ៦A។